វិមានក្រឹមឡាំង ថាលោក ពូទីន យល់ព្រមផ្អាកវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន តាមសំណើលោក ត្រាំ
មូស្គូ៖ នាថ្ងៃសុក្រ ទី៣០ ខែមករា វិមានក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមផ្អាក ការវាយប្រហារតាមអាកាសលើទីក្រុងកៀវរបស់អ៊ុយក្រែន ដល់ត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្រោយមានសំណើពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន
បានយល់ព្រមឈប់វាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន សម្រាប់រយៈពេល១សប្តាហ៍
ដែលនឹងផុតនៅថ្ងៃទី១ ខែកុម្ភៈ ក្រោយមានការស្នើពីលោក ត្រាំ។ ក្នុងសប្តាហ៍នេះ លោក
ត្រាំ បានអះអាងថា រូបលោកបានស្នើឱ្យលោក ពូទីន
ផ្អាកការវាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ស្របពេលដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បាននិយាយថា លោក ត្រាំ ពិតជាបានស្នើដោយផ្ទាល់មកកាន់លោក ពូទីន
ឱ្យឈប់វាយប្រហារលើទីក្រុងកៀវរយៈពេល១សប្តាហ៍ ដល់ថ្ងៃទី១ ខែកុម្ភៈ
ក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់កិច្ចប្រឹងប្រែងចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
សូមជម្រាបថា
ការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន
បានធ្វើឱ្យតំបន់និងទីក្រុងជាច្រើនគ្មានអគ្គិសនី
សម្រាប់ផ្គត់ផ្គង់កម្តៅអំឡុងរដូវរងា។ ទីភ្នាក់ងារជាតិឧតុនិយមរបស់អ៊ុយក្រែន
បានព្រមានថា សីតុណ្ហភាពអាចនឹងចុះកាន់តែខ្លាំង រហូតដល់ -៣០អង្សាសេ
ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕ (AFP)
Post a Comment