អាស៊ានបូកបី (ចិន-ជប៉ុន-កូរ៉េ) អនុម័តផែនការការងារទេសចរណ៍ ឆ្នាំ២០២៦-២០៣០
ហ្វីលីពីន៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសេប៊ូ ប្រទេសហ្វីលីពីន។
ដោយមានការអញ្ជើញចូលរួមពី
រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, លោកអគ្គលេខាធិការរងអាស៊ាន,
ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ
ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន,
អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។
សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកស្រី ESPERANZA
CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក
MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ
សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។
ឯកឧត្តម ហួត ហាក់
បានកត់សម្គាល់អំពីលទ្ធផលដែលសម្រេចបានកាលពីអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤
កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារអាស៊ានបូកបី
និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ
សម្រាប់ការចូលរួមចំណែកនៅក្នុងលទ្ធផលការងារប្រកបដោយផ្លែផ្កានេះ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន, លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន
ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
និងក្នុងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍
កម្ពុជា–ចិន ២០២៥។
ជាមួយគ្នានេះដែរ
កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន
ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន
តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi
កាលពីខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយត្រូវបានសម្រេច
ដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ
នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម
និងការវិនិយោគ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់
ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ
ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព
អាស៊ាន-កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក
កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។
ក្នុងន័យនេះ
តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥
និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។
កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា
(FAM
trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម
ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព
ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។
ជារួម, ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើសុំប្រទេសដៃគូទាំងបី
ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM
trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។
ជាមួយគ្នានេះដែរ
អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ៕

Post a Comment