នាយករដ្ឋមន្ត្រីជប៉ុន ពិចារណារៀបចំការបោះឆ្នោតមុនកាលកំណត់នៅខែកុម្ភៈ

តូក្យូ៖ កាសែត Yomiuri បានរាយការណ៍នៅថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) កំពុងពិចារណារៀបចំការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់ នៅពាក់កណ្តាលខែកុម្ភៈ។

ការសម្រេចចិត្តនេះមានបំណងអនុញ្ញាតឱ្យលោកស្រី តាកៃឈិ ដែលជានាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន អាចទាញយកអត្ថប្រយោជន៍ពីអត្រាគាំទ្រដ៏ខ្ពស់ដែលលោកស្រីទទួលបានចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា។ ជំហរតឹងរ៉ឹងរបស់លោកស្រីចំពោះប្រទេសចិន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបោះឆ្នោតស្តាំនិយម ទោះបីជាវាបង្កឱ្យមានជម្លោះការទូតធ្ងន់ធ្ងរជាមួយប្រទេសជិតខាងក៏ដោយ។

បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី កំពុងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Ishin ប៉ុន្តែសម្ព័ន្ធភាពនេះនៅខ្វះអាសនៈមួយចំនួនទៀតដើម្បីគ្រប់គ្រងសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាជាន់ទាប៕



 

Powered by Blogger.