កម្ពុជា ចាត់ទុកជំនួយរបស់ចិនមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការបោសសម្អាត មីនប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។
ថ្លែងក្នុងពិធីនេះ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន
មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ
ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព
និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា
ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។
តាងនាមឱ្យសម្តេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន
ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារ ថវិកា
ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់
និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។
តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ
សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត
ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី
ក៏បានគូសបញ្ជាក់ការរួមចំណែកដ៏សំខាន់នៃ
គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន
ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់
ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា។
ក្នុងឱកាសនោះផងដែរ
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន
ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់
និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅបឹងហ្វ៊ូសៀន (Fuxian Lake) ខេត្តយូណាន។ ក្នុងនោះប្រទេសចិន
បានប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ
និងការផ្តល់ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះពាល់ក្នុងតំបន់ព្រំដែន។
ជាក់ស្តែងថ្មីៗនេះ ចិន បានផ្តល់នូវជំនួយមនុស្សធម៌ដែលមានតម្លៃ ២០លានយ័ន
សម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ៕








Post a Comment