តារាសម្តែងហូលីវូដ Angelina Jolie លក់ផ្ទះនៅ LA ក្នុងសហរដ្ឋអាមេរិក ហើយរៀបចំជីវិតថ្មីនៅប្រទេសកម្ពុជា
បរទេស៖ យោងតាមសារព័ត៌មានបរទេសនានា តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានដាក់លក់ផ្ទះនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយកំពុងរៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ដែលរួមមានប្រទេសកម្ពុជា ជាទីដែលលោកស្រីមានសញ្ជាតិខ្មែរស្រាប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN ។
ប្រភពដែលដឹងអំពីគម្រោងនេះ
បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា
ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ
បានលក់ផ្ទះដ៏ស្កឹមស្កៃ Cecil B. DeMille តម្លៃ ២៥លានដុល្លារ
ដែលលោកស្រីបានរស់នៅតាំងតែពីឆ្នាំ ២០១៦ ហើយក៏បានរកអ្នកទិញដោយស្ងាត់ៗផងដែរ។
សារព័ត៌មានកម្សាន្តអាមេរិក
People បានដកស្រង់ប្រភពមួយដោយបញ្ជាក់ថា «លោកស្រី កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នាឆ្នាំថ្មីនេះ»។ ប្រភពដដែលបានបន្ថែមថា លោកស្រី Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក
ហើយមករស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។
បើតាម Page Six លោកស្រី
នឹងបើកហាងលក់សម្លៀកបំពាក់យីហោស្រីផ្ទាល់ខ្លួន គឺ Atelier Jolie នៅក្នុងទីក្រុងញូវយ៉ក នាឆ្នាំនេះ ហើយនឹងបែងចែកពេលវេលារស់នៅរវាងអឺរ៉ុប
និងកម្ពុជា ជាប្រទេសដែលនាងបានចាត់ទុកជាផ្ទះទីពីរ។
សូមជម្រាបថា
ដើម្បីទទួលស្គាល់ស្នាដៃអភិរក្សរបស់លោកស្រី Angelina Jolie ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
បានប្រោសព្រះរាជប្រទានសញ្ជាតិកម្ពុជាដល់លោកស្រី កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៥៕

Post a Comment