ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការផ្អាកមិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការនានាទៀតឡើយ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ដោយឡែកចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចអញ្ជើញរៀបចំឯកសារមកដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា។
យោងតាមសេចក្ដីជូនដំណឹង
របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា
សូមជម្រាប ជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក
ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak
MKA audit- accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍
ម.ក»។
ធនាគារជាតិនៃកម្ពុជា
បញ្ជាក់ថា អាស្រ័យហេតុនេះធនាគារព្រីនស៍ ម.ក
ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ
និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក
នឹងទទួលបានសិទ្ធិគ្រប់គ្រង និងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍
ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។
ដោយឡែកចំពោះអតិថិជន
ដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា
ដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព
ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ទន្ទឹមនេះចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក
គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
ធនាគារជាតិនៃកម្ពុជា
និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត
លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន
ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕


Post a Comment