ស.ស.យ.ក ខេត្តមណ្ឌលគិរីប្រមាណ ៣០០នាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ដើម្បីបុព្វជាតិមាតុភូមិ ក្នុងទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧

អត្ថបទ៖ ជឹម ទូច   

ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្ហាញពីទឹកចិត្តគោរព ក្តីស្រឡាញ់ និងការចងចាំមិនរសាយចំពោះវីរៈកងទ័ពរបស់យើង ដែលបានពលី ក្នុងបុព្វហេតុជាតិ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់ផ្កាឈូកជូនដល់យុទ្ធជនពលី ដើម្បីបុព្វជាតិមាតុភូមិ ក្នុងទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ (៧ មករា ១៩៧៩-៧ មករា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការស.ស.យ.ក.ខេត្ត សាខាតាមវិស័យ និងក្រុង/ស្រុកសរុប ៣០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ។

 ឯកឧត្តម ថង សាវុន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ថ្ងៃនេះជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មី របស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងរំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរយៈ ពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបដ៏ឃោរឃៅនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយគោរព ដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃរ៍អ្វីទាំងអស់រាប់លាននាក់ ដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្រោមរបបប៉ុលពត ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិទាំងនោះ បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។

ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី សូមសម្ដែងនូវការដឹងគុណជូនចំពោះវីរៈភាព និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នាសម័យនោះ ហើយប្ដេជ្ញា ចូលរួមថែរក្សាសុខសន្ដិភាពដោយបានមកលំបាកនេះ ដើម្បីបន្ដជាមរតកដល់យុវជនជំនាន់ក្រោយ៕








Powered by Blogger.