សង្ស័យមានការលួចលាក់ស្តុក និងវេចខ្ចប់ស្ករសខុសច្បាប់ក្នុងស្រុកដំណាក់ចង្អើរ រួចដឹកបន្តទៅវៀតណាមតាមច្រករបៀង
ដោយ : ទ្រី ហៀន
(ខេត្តកែប)៖ ប្រជាពលរដ្ឋបាននិងកំពុងដាក់ការសង្ស័យលើទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលកំពុងធ្វើសកម្មភាពស្តុក និងផ្លាស់ប្តូរសំបកវេចខ្ចប់ស្ករសនាំចូលពីប្រទេសថៃ រួចដឹកជញ្ជូនបន្តទៅប្រទេសវៀតណាមតាមច្រករបៀងផ្លូវទឹក ដែលសង្ស័យថាជាសកម្មភាពខុសច្បាប់ និងគ្មានការអនុញ្ញាត។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរាយការណ៍មកថា ជារៀងរាល់ថ្ងៃមានសកម្មភាពដឹកជញ្ជូនស្ករសក្នុងបរិមាណយ៉ាងច្រើនដែលនាំចូលពីប្រទេសថៃ យកមកទម្លាក់ស្តុកទុកនៅក្នុងឃ្លាំងខាងលើ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមានការសម្រុកវេចខ្ចប់ផ្លាស់ប្តូរសំបកបាវថ្មី ដើម្បីបន្លំភ្នែកសមត្ថកិច្ច ឬដើម្បីគោលបំណងអ្វីមួយ មុននឹងបន្តដឹកជញ្ជូនចេញតាមទូកតាមរយៈ របៀងផ្លូវទឹកស្ពានថ្ម បន្តទៅកាន់ប្រទេសវៀតណាម។
ករណីនេះបានបង្កើតជាសំណួរជាច្រើនពីមជ្ឈដ្ឋានជុំវិញថា តើអាជីវកម្មស្តុក និងវេចខ្ចប់ឡើងវិញនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែរឬទេ? ជាពិសេស ការដឹកជញ្ជូនចេញតាមច្រករបៀងផ្លូវទឹកស្ពានថ្មនេះ តើបានឆ្លងកាត់ការត្រួតពិនិត្យ និងបង់ពន្ធចូលរដ្ឋត្រឹមត្រូវតាមនីតិវិធីនៃច្បាប់គយដែរឬយ៉ាងណា?
ជុំវិញករណីសង្ស័យខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាអ្នកតាមដានស្ថានការណ៍ មហាជនរង់ចាំមើលថា តើអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកែប នឹងមានវិធានការចុះត្រួតពិនិត្យទីតាំងឃ្លាំងខាងលើដើម្បីស្វែងរកការពិតយ៉ាងណា។ ប្រសិនបើរកឃើញថាមានភាពមិនប្រក្រតី ឬការធ្វើអាជីវកម្មគេចពន្ធមែននោះ គួរតែមានវិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីការពារចំណូលថវិការដ្ឋ និងទប់ស្កាត់រាល់សកម្មភាពសេដ្ឋកិច្ចខុសច្បាប់ក្នុងតំបន់។
អង្គភាពយើងខ្ញុំនឹងបន្តតាមដានព័ត៌មាននេះ ដើម្បីធ្វើការផ្សាយជូននៅពេលទទួលបានការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ឬម្ចាស់ទីតាំងនៅពេលក្រោយ៕







Post a Comment