សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ កំពុងយកចិត្តទុកដាក់លើវីរកងទ័ព និងក្រុមគ្រួសារ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី បាននិងកំពុងបន្តយកចិត្តទុកដាក់លើវីរកងទ័ព និងក្រុមគ្រួសារយុទ្ធជនពលីក្នុងការការពារទឹកដីពីក្រុមយោធាថៃដែលបានធ្វើសកម្មភាពឈ្លានពានកម្ពុជាកន្លងមក ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ
នៅព្រឹកថ្ងៃទី១៩ មករា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា
ជាបន្តបន្ទាប់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
បានអញ្ជើញប្រគល់ផ្ទះដល់ក្រុមគ្រួសារកងទ័ពពលី ។ ជាក់ស្តែងកាលពីថ្ងៃ១៧ មករា
បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៤ខ្នងទៀត ជូនក្រុមគ្រួសារវីរកងទ័ពពលី ។
ក្នុងនោះផ្ទះថ្មី១ខ្នងដល់គ្រួសាររស់នៅខេត្តត្បូងឃ្មុំ
និងផ្ទះថ្មី៣ខ្នងទៀតប្រគល់ជូនក្រុមគ្រួសារនៅខេត្តកំពង់ចាម ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា
“នេះជាសកម្មភាពជាបន្តបន្ទាប់ក្នុងចំណោមសកម្មភាពមនុស្សធម៌គ្រប់ទម្រង់
ដែលលោកជំទាវទី១របស់កម្ពុជាតែងតែធ្វើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ
និងជាតិមាតុភូមិ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់គឺរយៈពេលចុងក្រោយនេះ
សកម្មភាពដ៏លេចធ្លោមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី, វីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសឹក” ។
ឯកឧត្តមបញ្ជក់ថា
ការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជា
និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិ
ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ
និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
ឯកឧត្តម ប៉ែន
បូណា បន្ថែមថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរកងទ័ពនេះ
សម្តេចមហាបវរធិបតី បានដាក់ចេញគោលនយោបាយ
និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖
ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត , ការស្រោចស្រង់សមាជិកគ្រួសារ
, ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ
, ការរៀបចំឥណទានសារជាថ្មី , ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ
និងថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
សូមរំលឹកថា
តបតាមការអំពាវនាវរបស់សម្តេចបវរធិបតី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
បានសម្រេចលើកលែងការប្រាក់ចំនួន ១០,៦លានដុល្លារ
សម្រាប់គ្រួសារជនភៀសសឹកដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក
និងបានលុបចោលបំណុល(ទាំងប្រាក់ដើម ទាំងការប្រាក់)
ចំនួនប្រមាណ១លានដុល្លារសម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី
ដើម្បីជាការដឹងគុណចំពោះការលះបង់ និងជួយសម្រួលជីវភាពក្នុងពេលដែលពួកគេបាត់បង់ចំណូល៕
Post a Comment