រដ្ឋបាលស្រុកដំណាក់ចង្អើរ ច្រានចោលការអះអាងរបស់ម្ចាស់របងបេតុងនៅភូមិអង្កោល និងព្រមានចាត់វិធានការច្បាប់ម៉ឺងម៉ាត់

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចេញសេចក្តីបដិសេធ និងបំភ្លឺជាផ្លូវការមួយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយច្រានចោលទាំងស្រុងនូវការអះអាងរបស់ម្ចាស់ទីតាំងសំណង់របងបេតុង និងឈូសឆាយដីមួយកន្លែង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងឈ្មោះ អ៊ឹង គឹមយូ បានភូតកុហកប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតទៅរដ្ឋបាលស្រុករួចរាល់ហើយ តែអាជ្ញាធរមិនទាន់ចេញលិខិតផ្លូវការឱ្យ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោកអភិបាលរងស្រុក បានចុះពិនិត្យផ្ទាល់ និងរកឃើញថា សំណង់នោះ "ពុំមានច្បាប់អនុញ្ញាតឡើយ" ទើបសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន និងណែនាំឱ្យម្ចាស់ដីទៅរៀបចំឯកសារនៅការិយាល័យច្រកចេញចូលតែមួយ។ គិតមកទល់ថ្ងៃទី១៤ ខែមិថុនា នេះ (រយៈពេលជាង ១០ថ្ងៃ) ការិយាល័យច្រកចេញចូលតែមួយ ពុំទាន់ទទួលបានសំណុំឯកសារ ឬពាក្យស្នើសុំណាមួយ ពីឈ្មោះ អ៊ឹង គឹមយូ ឡើយ។ ការអះអាងរបស់ម្ចាស់ដី គឺជាការមួលបង្កាច់ដើម្បីបិទបាំងទង្វើខុសច្បាប់របស់ខ្លួន។

រដ្ឋបាលស្រុកបញ្ជាក់ច្បាស់ៗថា យោងតាមច្បាប់ស្តីពីសំណង់ ទោះបីជាដីនោះមានប្លង់កម្មសិទ្ធិ (ប្លង់រឹង) ក៏ដោយ រាល់ការសាងសង់សំណង់រឹងគ្រប់ប្រភេទ ត្រូវតែមាន "លិខិតអនុញ្ញាតសាងសង់" ជាមុនសិន ទើបអាចបើកការដ្ឋានបាន។

ជាថ្មីម្ដងទៀត ​"រដ្ឋបាលស្រុក នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ប្រសិនបើម្ចាស់សំណង់ខាងលើនៅតែបន្តសកម្មភាពល្មើសច្បាប់នេះ"។ ទន្ទឹមនឹងនេះ អាជ្ញាធរស្រុកដំណាក់ចង្អើរ ក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព មុននឹងធ្វើការចុះផ្សាយ ដើម្បីជៀសវាងការភាន់ច្រឡំនៅក្នុងសង្គម៕










Powered by Blogger.