រឿងរ៉ាវ Greenland ៖ EU ពិចារណាដាក់ពន្ធសងសឹក ១០៨ពាន់លានដុល្លារប្រឆាំងអាមេរិក
ព្រុចសែល៖ ក្រុមប្រទេសសហភាពអឺរ៉ុប អាចនឹងចាត់វិធានការសងសឹកវិញលើសហរដ្ឋអាមេរិក ក្នុងទម្រង់ជាការដំឡើងពន្ធគិតជាទឹកប្រាក់រហូតដល់៩៣ពាន់លានអឺរ៉ូ ស្មើនឹង ១០៧.៧១ពាន់លានដុល្លារ ឬរឹតត្បិតក្រុមហ៊ុនអាមេរិកពីទីផ្សាររបស់អឺរ៉ុប ដើម្បីឆ្លើយតបការគំរាមកំហែង របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះបណ្តាសម្ព័ន្ធមិត្តអង្គការ NATO ដែលជំទាស់មហិច្ឆតារបស់លោក ក្នុងការគ្រប់គ្រងកោះ Greenland។
កាសែតអង់គ្លេស Financial Times បានអះអាងថា ចំណាត់ការសងសឹកខាងលើ
កំពុងត្រូវបានព្រាងឡើងដើម្បីផ្តល់ឧត្តមភាពដល់ក្រុមមេដឹកនាំអឺរ៉ុប
មុនកិច្ចប្រជុំសំខាន់ជាមួយលោក ត្រាំ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក
ដែលរៀបចំឡើងក្នុងទីក្រុង Davos នៃប្រទេសស្វីស នាសប្តាហ៍នេះ។
Financial Times បានរាយការណ៍យ៉ាងដូច្នេះ
ដោយផ្អែកលើប្រភពពីក្រុមមន្រ្តី ដែលពាក់ព័ន្ធក្នុងការត្រៀមរៀបចំ
សម្រាប់កិច្ចប្រជុំនៅស្វីស។
សូមជម្រាបថា
កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ត្រាំ បានប្តេជ្ញាថា
នឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន៨ រួមមានទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស
រហូតទាល់តែសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញកោះ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក
បន្ទាប់ពីប្រទេសទាំងនោះ បានប្រកាសជំទាស់ផែនការរបស់លោក៕

Post a Comment