វិមានក្រឹមឡាំង ស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់អាមេរិក ដោយថាស្របនឹងទស្សនៈរបស់រុស្ស៊ី
មូស្គូ៖ វិមានក្រឹមឡាំង បានសម្តែងការស្វាគមន៍ចំពោះចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការឈប់ចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងផ្ទាល់។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានអះអាងថា យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក ដែលបង្ហាញថាមហាអំណាចអឺរ៉ុបកំពុងធ្លាក់ចុះ គឺស្របគ្នាទៅនឹងការយល់ឃើញរបស់រុស្ស៊ី។
យុទ្ធសាស្ត្រថ្មីដែលចុះហត្ថលេខាដោយលោក ត្រាំ
បានពិពណ៌នាពីចក្ខុវិស័យនៃ «ភាពប្រាកដនិយមដែលអាចបត់បែនបាន» និងបានព្រមានថាអឺរ៉ុបកំពុងប្រឈមមុខនឹង «ការលុបបំបាត់អរិយធម៌»។ មិនតែប៉ុណ្ណោះ យុទ្ធសាស្ត្រនេះបានចាត់ទុកការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
និងការស្តារស្ថិរភាពយុទ្ធសាស្ត្រជាមួយរុស្ស៊ីថាជាផលប្រយោជន៍ «ស្នូល» របស់សហរដ្ឋអាមេរិក។
លោក ឌីមីទ្រី ប៉េស្កូវ
អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទូរទស្សន៍រដ្ឋថា «ការកែសម្រួលដែលយើងឃើញ គឺត្រូវគ្នាទៅនឹងចក្ខុវិស័យរបស់យើងតាមវិធីជាច្រើន»។ លោកក៏បានចាត់ទុកការសន្យាក្នុងឯកសារអាមេរិក
ដើម្បីបញ្ចប់ការពង្រីកខ្លួនឥតឈប់ឈររបស់អង្គការណាតូ ថាជារឿងគួរឱ្យលើកទឹកចិត្ត។
ទោះជាយ៉ាងណា លោក ប៉េស្កូវ បានព្រមានថា «រដ្ឋជ្រៅ» ដែលទំនងសំដៅទៅលើក្រុមអ្នកមានឥទ្ធពល
និងអំណាចកំបាំងមុខ នៅក្នុងរដ្ឋាភិបាល ឬហៅថា Deep State របស់អាមេរិក
អាចនឹងមានទស្សនៈផ្ទុយពីលោក ត្រាំ។ គួរកត់សម្គាល់ថា
មន្ត្រីជាន់ខ្ពស់អឺរ៉ុបបានបង្ហាញក្តីបារម្ភជាខ្លាំងថា
អាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ អាចនឹងបែរខ្នងដាក់អឺរ៉ុប
ដែលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនសម្រាប់ជំនួយយោធា៕ (Reuters)

Post a Comment