បេសកជនអាមេរិកថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ជិតសម្រេចហើយ ដោយនៅសល់បញ្ហាសំខាន់ពីរ
កាលីហ្វ័រញ៉ា៖ បេសកជនពិសេសអាមេរិកសម្រាប់អ៊ុយក្រែន លោក ខេត ខេឡូក (Keith Kellogg) បានប្រកាសថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺជិតសម្រេចហើយ ប៉ុន្តែឥឡូវនេះអាស្រ័យលើការដោះស្រាយបញ្ហាសំខាន់ពីរដែលនៅសេសសល់ គឺអនាគតនៃតំបន់ដុនបាស និងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ី (Zaporizhzhia)។
លោក ខេឡូក ដែលគ្រោងនឹងចុះចេញពីតំណែងនៅខែមករា
បានប្រាប់វេទិកាការពារជាតិ Reagan នៅថ្ងៃសៅរ៍ថា
កិច្ចខិតខំប្រឹងប្រែងនេះគឺស្ថិតនៅក្នុង «១០ម៉ែត្រចុងក្រោយ» ដែលជាដំណាក់កាលពិបាកបំផុត។ លោកបានបញ្ជាក់ថា «ប្រសិនបើយើងដោះស្រាយបញ្ហាទាំងពីរនេះបាន
ខ្ញុំគិតថាអ្វីៗផ្សេងទៀតនឹងដំណើរការល្អ...យើងពិតជាជិតដល់ហើយ»។
លោកបានប៉ាន់ប្រមាណថា
ចាប់តាំងពីសង្គ្រាមចាប់ផ្តើម រុស្ស៊ី និងអ៊ុយក្រែនបានរងគ្រោះថ្នាក់សរុបជាង
២លាននាក់ (ទាំងស្លាប់ និងរបួស) ដែលជាចំនួនដ៏គួរឱ្យរន្ធត់។
យោងតាមសំណើដំបូងរបស់អាមេរិក រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ី
នឹងត្រូវបើកដំណើរការឡើងវិញក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
(IAEA) ហើយអគ្គិសនីដែលផលិតបាន
នឹងត្រូវបែងចែកស្មើគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក
ហ្សេលេនស្គី បាននិយាយថា លោកបានជជែកតាមទូរស័ព្ទយ៉ាងយូរជាមួយបេសកជនពិសេសលោក ត្រាំ
គឺលោក ស្ទីវ វីតកុហ្វ (Steve Witkoff) និងកូនប្រសារលោក
ត្រាំ គឺលោក ចារ៉េដ គូសនឺ (ared Kushner)។ វិមានក្រឹមឡាំងរំពឹងថា លោក គូសនឺ
នឹងដើរតួសំខាន់ក្នុងការព្រាងកិច្ចព្រមព្រៀងនេះ៕ (Reuters)

Post a Comment