អឺរ៉ុបត្រៀមបង្កកទ្រព្យសម្បត្តិរុស្ស៊ីដោយគ្មានពេលកំណត់ ដើម្បីត្រួសត្រាយផ្លូវផ្តល់កម្ចីដល់អ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រនេះ ទំនងជានឹងសម្រេចបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលមានតម្លៃ ២១០ពាន់លានអឺរ៉ូ (២៤៦ពាន់លានដុល្លារ) ដោយគ្មានពេលកំណត់។ វិធានការនេះមានគោលបំណងលុបបំបាត់ឧបសគ្គធំមួយក្នុងការប្រើប្រាស់ប្រាក់ទាំងនេះ ដើម្បីជួយអ៊ុយក្រែន។

ការសម្រេចបង្កកដោយគ្មានពេលកំណត់ គឺដើម្បីជៀសវាងហានិភ័យដែលប្រទេសហុងគ្រី និងស្លូវ៉ាគី អាចបដិសេធមិនបន្តការបង្កកនៅពេលបោះឆ្នោតរៀងរាល់ ៦ខែម្តង។ ជំហាននេះក៏នឹងជួយបញ្ចុះបញ្ចូលប្រទេសបែលហ្ស៊ិក ឱ្យគាំទ្រផែនការផ្តល់កម្ចីរហូតដល់ ១៦៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែនសម្រាប់តម្រូវការយោធា និងថវិកានៅឆ្នាំ២០២៦-២០២៧។

កម្ចីនេះនឹងត្រូវសងត្រឡប់មកវិញ លុះត្រាតែរុស្ស៊ីបង់សំណងសង្គ្រាមដល់អ៊ុយក្រែន ដែលធ្វើឱ្យវាក្លាយជាជំនួយឥតសំណងតាមបច្ចេកទេស។ មេដឹកនាំ EU គ្រោងនឹងជួបគ្នានៅថ្ងៃទី១៨ ខែធ្នូ ដើម្បីបញ្ចប់សេចក្តីលម្អិត។ ប្រភពការទូតបានឱ្យដឹងថា អាល្លឺម៉ង់នឹងផ្តល់ការធានាចំនួន ៥០ពាន់លានអឺរ៉ូ។

ស្នងការសេដ្ឋកិច្ច EU លោក វ៉ាល់ឌីស ដុមប្រូវស្គីស (Valdis Dombrovskis) បានបញ្ជាក់ថា ការធានាដ៏រឹងមាំកំពុងត្រូវបានរៀបចំជូនបែលហ្ស៊ិក ដើម្បីដោះស្រាយកង្វល់ផ្លូវច្បាប់របស់ពួកគេ ដែលបារម្ភថា ប្រសិនបើពួកគេយកលុយទាំងនេះទៅឱ្យអ៊ុយក្រែន ថ្ងៃណាមួយរុស្ស៊ីអាចនឹងប្តឹងក្រុមហ៊ុន Euroclear ឬរដ្ឋាភិបាលបែលហ្ស៊ិកទៅតុលាការអន្តរជាតិដើម្បីទាមទារលុយវិញ៕ (Reuters)



 

Powered by Blogger.