ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជួបចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត និងយល់ព្រមរក្សាបទឈប់បាញ់
រីយ៉ាដ៖ រដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានបើកកិច្ចចរចាសន្តិភាពថ្មីមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងបានយល់ព្រមបន្តរក្សាបទឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។
កិច្ចពិភាក្សានេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីត
ដោយមានតំណាងមកពីយោធា ទីភ្នាក់ងារចារកម្ម និងការិយាល័យបរទេសរបស់ប៉ាគីស្ថានចូលរួម។
មន្ត្រីតាលីបង់ម្នាក់បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងរក្សាបទឈប់បាញ់
និងបើកចំហចំពោះកិច្ចប្រជុំបន្ថែមទៀត។
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង
ដោយទីក្រុងអ៊ីស្លាម៉ាបាដចោទប្រកាន់ថា
ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានបានវាយប្រហារប៉ាគីស្ថាន
ប៉ុន្តែតាលីបង់បានបដិសេធ។ ថ្មីៗនេះ អាជ្ញាធរប៉ាគីស្ថានបានអះអាងថា
ជនវាយប្រហារអត្តឃាតជាច្រើននាក់ គឺជាជនជាតិអាហ្វហ្គានីស្ថាន។
សូមជម្រាបថា
ការប៉ះទង្គិចគ្នានៅព្រំដែនកាលពីខែតុលា បានសម្លាប់មនុស្សរាប់សិបនាក់
ដែលជាអំពើហិង្សាធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០២១។
ទោះបីជាមានការចុះហត្ថលេខាលើបទឈប់បាញ់នៅដូហាក៏ដោយ
ក៏កិច្ចចរចានៅអ៊ីស្តង់ប៊ុលកាលពីខែមុនបានបរាជ័យ ដោយសារប៉ាគីស្ថានទាមទារការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរ
ខណៈតាលីបង់បដិសេធមិនធានាសន្តិសុខឱ្យប៉ាគីស្ថាន៕ (Reuters)

Post a Comment