វិមានក្រឹមឡាំង ទាមទារអ៊ុយក្រែនឱ្យដកទ័ពទាំងអស់ពីតំបន់ដុនបាស ប្រសិនបើចង់បានសន្តិភាព
មូស្គូ៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទថា អ៊ុយក្រែនចាំបាច់ត្រូវដកកងទ័ពរបស់ខ្លួនចេញពីផ្នែកនៃតំបន់ដុនបាស (Donbas) ដែលខ្លួននៅតែបន្តគ្រប់គ្រង ប្រសិនបើចង់បានសន្តិភាព ហើយបានព្រមានថា ប្រសិនបើទីក្រុងកៀវមិនព្រមចុះកិច្ចព្រមព្រៀងទេ នោះនឹងត្រូវបាត់បង់ទឹកដីបន្ថែមទៀត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី
ប៉េស្កូវ បានបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ
បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ
ហើយកិច្ចសន្ទនាមួយទៀតត្រូវបានគ្រោងទុកក្នុងពេលឆាប់ៗនេះ។
ទាក់ទងនឹងលក្ខខណ្ឌសន្តិភាព លោក ប៉េស្កូវ
បានសង្កត់ធ្ងន់ថា «យើងកំពុងនិយាយអំពីការដកកងកម្លាំងប្រដាប់អាវុធនៃរបបនេះចេញពីតំបន់ដុនបាស»។ ទោះជាយ៉ាងណា
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើគំនិតបង្កើតតំបន់សេដ្ឋកិច្ចពិសេស
ឬអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
លោក ប៉េស្កូវ ក៏បានយោងតាមប្រសាសន៍របស់លោក
ត្រាំ ផងដែរថា
អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីបន្ថែមទៀតទៅឱ្យរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ប្រសិនបើទីក្រុងកៀវមិនព្រមឈានដល់កិច្ចព្រមព្រៀង។ បច្ចុប្បន្ន
រុស្ស៊ីគ្រប់គ្រងទឹកដីប្រហែល ២០% នៃអ៊ុយក្រែន រួមទាំង ៩០% នៃតំបន់ដុនបាស៕ (Reuters)

Post a Comment