អាជ្ញាធរមីន ណែនាំឱ្យមានការពង្រឹងវិធានការសុវត្ថិភាព ចំពោះប្រតិបត្តិការសកម្មភាពមីន អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការរដោយសារមីន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំចំនួន ៨ចំណុច ស្តីពីការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
នៅក្នុងសេចក្តីណែនាំរបស់អាជ្ញាធរមីន
បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសកម្មភាពឈ្លានពានខុសច្បាប់របស់យោធាថៃ
មកលើកម្ពុជា ដោយលើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២
ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល
និងបានបំពានការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងរំលោភលើគោលការណ៍
ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ
បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន
វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ
ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែង តាមបណ្តាខេត្តនានា។
មិនត្រឹមតែប៉ុណ្ណោះការឈ្លានពាននេះ
បណ្តាលឱ្យប៉ះពាល់ដល់ប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ពិសេសបុគ្គលិកបោសសម្អាតមីន
ប្រមាណជាង ៩០០ នាក់ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវធ្វើការភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព។
ខណៈដែលសម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា បង្កដោយការឈ្លានពានរបស់យោធាថៃ
ប្រកបដោយភាពម៉ឺងម៉ាត់ ស្មារតីស្នេហាជាតិខ្ពស់
និងរក្សាឱ្យបាននូវឧត្តមផលប្រយោជន៍ជាតិ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព
និងសុខដុមរមនា ជូនប្រជាជន និងប្រទេសជាតិ អាជ្ញាធរមីន
សូមធ្វើការណែនាំដល់ប្រតិបត្តិករសកម្មភាពមីន ដូចមានខាងក្រោម ដើម្បីបង្ការ
និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ
ដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យសកម្មភាពមីន
ក៏ដូចជាប្រជាជនភៀសសឹកក្នុងអំឡុងពេល នៃការឈ្លានពានរបស់យោធាថៃ៖
១៖ បន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពបុគ្គលិកបោសសម្អាតមីន
និងមិនត្រូវអនុញ្ញាត ឱ្យបុគ្គលិកបន្តការងារក្នុងស្ថានភាពប្រឈមនឹងការគ្រោះថ្នាក់
២៖ បន្តយកចិត្តទុកដាក់
និងផ្តល់ការគាំទ្រដល់បុគ្គលិកបោសសម្អាតមីន ដែលមានក្រុមគ្រួសារ
កំពុងរស់នៅក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ឬតំបន់ជនភៀសសឹកនានា
៣៖ ផ្អាករាល់ប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត
និងសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពី យុទ្ធភណ្ឌគ្រឿងផ្ទុះ
នៅតាមតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពាន របស់យោធាថៃ
ដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកបោសសម្អាតមីន
៤៖ ស្នើសុំជាបន្ទាន់មកអាជ្ញាធរមីន
ចំពោះការផ្លាស់ប្តូរផែនការបោសសម្អាតចម្ការមីន ក្នុងករណី ចម្ការមីននោះ
ស្ថិតក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពានរបស់ យោធាថៃ
៥៖ បន្តរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន
គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងទៀត ដែលបាញ់និងទម្លាក់ដោយយោធាថៃ
ជូនប្រជាជនដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព
ដើម្បីចៀសវាងគ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះទាំងនោះ នៅ ពេលប្រជាជនត្រលប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ
នៅពេលប្រក្រតីភាព និងសន្តិភាពវិល ត្រលប់ដូចដើម
៦៖ បន្តផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ
ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុង ការដាក់ស្លាកសញ្ញាគ្រោះថ្នាក់
នៅទីតាំងដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបានបាញ់ និង ទម្លាក់ដោយយោធាថៃ
ឬយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព (សម្រាប់ជាភស្តុតាង) ឬកម្ទេចចោលតាមការចាំបាច់
ដើម្បីធានាសុវត្ថិភាពជូនប្រជាជន និងមន្ត្រី-បុគ្គលិកមូលដ្ឋាន
ព្រមទាំងដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងផ្តល់កិច្ចសហការ តាមសំណូមពររបស់
អាជ្ញាធរមូលដ្ឋាន
៧៖ បន្តរក្សាកិច្ចសហការល្អជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត
និងក្រុមការងារសកម្មភាពមីន ខេត្ត ក្នុងសកម្មភាពបោសសម្អាត
សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ
និងកិច្ចសង្គ្រោះជនរងគ្រោះ
៨៖ បន្តតាមដានការវិវត្តនៃសកម្មភាពវាយប្រហារដោយយោធាថៃជាប្រចាំ
ពីប្រភពព័ត៌មានផ្លូវការ ផ្តល់ដោយក្រសួង-ស្ថាប័នជាតិពាក់ព័ន្ធ
ដើម្បីអនុវត្តសកម្មភាពខាងលើប្រកបដោយប្រសិទ្ធភាព៕





Post a Comment