រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគជាសម្ភារ និងថវិកា ដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីអំពាវនាវសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉លោក លោកស្រីជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន
សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់
មេត្តាជ្រាបថា ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ
និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន
ដើម្បីការពារបូរណភាពទឹកដី
តតាំងជាមួយសត្រូវឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ
នឹងរៀបចំទទួលអំណោយគ្រប់ប្រភេទមានដូចជា ថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ
សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ
ដែលបាននឹងកំពុងខិតខំតស៊ូការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ប្រកបដោយភាពក្លាហានមោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ
និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា
នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ដែលកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ
និងទឹកចិត្តសប្បុរសធម៌
ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ
និងបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលខេត្តព្រះសីហនុសូមអំពាវនាវ
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ
រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ
សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា
ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ
សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព
និងសទ្ធាជ្រះថ្លារៀងៗខ្លួន
ដោយទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីសមរភូមិក្រោយជួយគាំទ្រដល់សមរភូមិមុខ។
ក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក
លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រង់ចាំទទួលអំណោយសប្បុរសធម៌របស់
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ លោក លោកស្រី
រៀងរាល់ថ្ងៃនៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧២៥ ៧៧៧ / ០១២ ៩៩៣ ៧៧៦ ឬ បង្វែរតាមគណនីធនាគារ ABA
ឈោ្មះ៖
SIHANOUK PROVINCIAL HALL លេខ៖ 070 119 791
(KHR) និងលេខ ៖ 070 119 792 (USD) ឬតំណ
QR Code ដូចខាងក្រោមទាំងប្រាក់រៀល និងដុល្លារ៕

Post a Comment