កាស៊ីណូវីម៉ាណ 168 ព្រែកចាក បំពានច្បាប់កាស៊ីណូ អនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងអនាធិបតេយ្យ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានគួរឲ្យទុកចិត្តបានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នំា២០២៥នេះថា កាស៊ីណូ "វីម៉ាណ 168" (Viman 168 Casino) ដែលមានទីតាំងនៅក្បែរច្រកព្រំដែនអន្តរជាតិព្រែកចាក (ខេត្តកំពត) កំពុងធ្វើសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (ច្បាប់កាស៊ីណូ) ដោយអនុញ្ញាតឲ្យជនជាតិខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ។
បើយោងតាម ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់លាស់ថា ប្រតិបត្តិករកាស៊ីណូទាំងអស់ មិនត្រូវអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងនៅកាស៊ីណូឡើយ។ កាស៊ីណូត្រូវបានអនុញ្ញាតឲ្យដំណើរការតែសម្រាប់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះ។
ការអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងរបស់កាស៊ីណូវីម៉ាណ 168 នេះ គឺជាការបំពានយ៉ាងចំហទៅនឹងបទប្បញ្ញត្តិសំខាន់របស់រាជរដ្ឋាភិបាល ដែលអាចនាំឲ្យមានផលវិបាកជាច្រើនដល់សង្គម រួមមានបញ្ហាបំណុល ការបែកបាក់គ្រួសារ និងអសន្តិសុខសង្គម។
យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីសំណាក់ម្ចាស់កាស៊ីណូវីម៉ាន 168 ឬពីសំណាក់អាជ្ញាធរដែនដី ឬស្ថាប័នពាក់ព័ន្ធឡើយ។
សាធារណជន និងអ្នកឃ្លាំមើលសង្គម កំពុងរង់ចាំមើលចំណាត់ការបន្ទាន់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជាស្ថាប័នគ្រប់គ្រងល្បែងពាណិជ្ជកម្ម) និងរដ្ឋាភិបាល ក្នុងការអនុវត្តន៍ច្បាប់ឲ្យបានតឹងរ៉ឹងលើកាស៊ីណូខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃល្បែងស៊ីសងខុសច្បាប់ក្នុងចំណោមពលរដ្ឋខ្មែរ៕



Post a Comment