ក្រសួងការពារជាតិ ប្រកាសថា ការវាយប្រហាររបស់យោធាថៃ ២ថ្ងៃមកនេះ បានបណ្តាលឱ្យពលរដ្ឋស៊ីវិលកម្ពុជា៧នាក់បាត់បង់ជីវិត និងរបួស ២០នាក់
ភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា ការវាយប្រហាររបស់យោធាថៃ ២ថ្ងៃមកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា
ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ
ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ
បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
ក្រសួងការពារជាតិកម្ពុជា
បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ
ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់
និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា
ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
និងជាប្រធានអាស៊ាន៕

Post a Comment