ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ដោយបង្កើតរឿងពាក់ព័ន្ធនឹងករណីផ្ទុះមីន នៅតំបន់ហួយតាម៉ារៀ។
ក្រសួងការពារជាតិបានចាត់ទុកថា
ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ
និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។
នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
បានធ្វើឡើង បន្ទាប់ពី នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី៣
ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញផ្សាយថា មានករណីផ្ទុះមីនចំនួនមួយគ្រាប់
នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល
និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា។
បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា, បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា
បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ «ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ»។
ក្រសួងការពារជាតិ
បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍
និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ
ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត
ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

Post a Comment