អភិបាលខេត្តព្រះសីហនុ ប្រគល់-ទទួលផ្លូវបេតុងចំនួន២ខ្សែ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្លូវបេតុងចំនួនពីរខ្សែ ដែលធ្វើការសាងសង់ដោយលោក តែ អ៉ីវពាំង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ជាផ្លូវសាធារណៈ មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងជាប្រយោជន៍រួម ក៏ដូចជាបានសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក តែ អ៊ីវពាំង ម្ចាស់បុរី POLO និងលោកស្រី បានសាងសង់ផ្លូវបេតុងអាមេចំនួនពីរខ្សែ គឺខ្សែទី១ មានទទឹង ១២ម៉ែត្រ បណ្តោយ ៤៨០ម៉ែត្រ និងខ្សែទី២ មានទទឹង ១៥ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ ហើយថ្ងៃនេះបានធ្វើការប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណ ម្យ៉ាងទៀតការសាងសង់ផ្លូវទាំងពីរខ្សែនេះ យើងក៏បានគិតគូររៀបចំប្រលូទឹកភ្លៀង ទឹកកខ្វក់រួចជាស្រេច និងប្រព័ន្ធទឹកស្អាតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណចំពោះលោក តែ អ៊ីវពាំង និងលោកស្រី ដែលបានធ្វើការប្រគល់ផ្លូវបេតុងចំនួន២ខ្សែ ជូនមករដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរផងដែរ ព្រោះផ្លូវទាំងពីរខ្សែនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ហេដ្ឋា រចនាសម្ព័ន្ធក្នុងក្រុង និងខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរស្ថិតនៅទិសនារតី នៃប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កាលណាយើងមានផ្លូវល្អ គឺយើងមានសង្ឃឹមក្នុងការដឹកជញ្ជូន ការធ្វើចរាចរណ៍បានកាន់តែងាយស្រួល ជាពិសេសជួយបង្កើនសោភ័ណភាព បរិស្ថានទីក្រុងឆ្នេរសមុទ្ររបស់យើងកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក៏ដូចប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ជួយថែរក្សាផ្លូវបេតុងទាំងពីរខ្សែខាងលើនេះ ព្រោះវាជាសម្បត្តិរួមរបស់យើងទាំង អស់គ្នាក្នុងការចូលរួមថែរក្សា និងអភិរក្សប្រើបា្រស់បានយូរអង្វែងសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ៕











 

Powered by Blogger.