ឡាវ អំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ និងចៀសវាងការប្រើកម្លាំង ដោយសន្ទនាក្នុងស្មារតីមិត្តភាព ក្នុងឋានៈជាសមាជិកអាស៊ាន
ឡាវ៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃ។ ក្នុងនាមជាប្រទេសជិតខាងដែលមានព្រំដែនជាមួយប្រទេសទាំងពីរ យើងសូមអំពាវនាវឱ្យភាគីទាំងសងខាង ប្រើការអត់ធ្មត់ ចៀសវាងការប្រើកម្លាំង ក្នុងសន្ទនាក្នុងស្មារតីមិត្តភាព ក្នុងឋានៈជាសមាជិកអាស៊ាន”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អ្នកនាំពាក្យសក្រសួងការបរទេសឡាវ
បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា៖ “យើងស្នើឱ្យប្រទេសទាំងពីរ
បន្តអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរ
ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
និងប្រើប្រាស់យន្តការដែលមានស្រាប់
ដើម្បីស្វែងរកដំណោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី។
សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ
និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា
ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ ១១នាក់ និងរបួស
៧៤នាក់ (គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥)
និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនកន្លែង
ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ
បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕

Post a Comment