អបអរសាទរ ខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
ភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៤ ធ្នូ ២០២៤ - ៤ ធ្នូ ២០២៥)។
នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
ក៏បានបង្ហោះសារអបអរសាទរ ខួបលើកទី១ ដែលក្រមាខ្មែរ
ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
របស់អង្គការយូណេស្កូផងដែរ។
សូមជម្រាបថា ក្រមាខ្មែរ
ត្រូវបានអង្គការយូណេស្កូ អនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាង
បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤
ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ
(Republic of Paraguay)។
ការដាក់បញ្ចូល «ក្រមា»
ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ
យូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត
សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា
ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ
សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង
នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ។
ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្លៃថ្លានេះ
មិនត្រឹមកើតចេញពី ការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់
និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុ ជាដែលមានក្រសួងវប្បធម៌
និងវិចិត្រសិល្បៈជាសេនាធិការប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញ
ពីស្នាដៃឆ្នើមរួមគ្នាប្រសូតចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់ប្រជាសិប្បករក្រមា
ក៏ដូចជាសហគមន៍ក្រមា សមាគមក្រមា ដែលបានខិតខំតស៊ូ ដោយសេចក្តីអំណត់ ព្យាយាមមោះមុត
និងស្មារតីសាមគ្គី រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិ មាតុភូមិកម្ពុជា៕


Post a Comment