វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ទទួលអំណោយជាកុំព្យូទ័រ ក្រោមគម្រោងថ្នាក់រៀនទីក្រុងមិត្តភាព
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ពិធីប្រគល់ និងទទួលឧបករណ៍កុំព្យូទ័រ ត្រូវបានរៀបចំឡើងយ៉ាងកម្រោលនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកែប។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងគម្រោងថ្នាក់រៀនទីក្រុងមិត្តភាពនៃទីក្រុងយូណាន (Yunnan Friendship City Classroom Project) រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ការប្រគល់សម្ភារៈខាងលើនេះ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យអប់រំតាមបែបឌីជីថល និងផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបានការរៀនសូត្រផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ឱ្យកាន់តែប្រសើរឡើង។ ការឧបត្ថម្ភនេះគឺជាផ្លែផ្កានៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក ប៊ុន យោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ និងបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ និងថែរក្សាឧបករណ៍ទាំងនេះឱ្យបានល្អ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ជំនាន់ក្រោយ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការជំរុញធនធានមនុស្សក្នុងខេត្តកែប ឱ្យដើរទាន់យុគសម័យបច្ចេកវិទ្យាទំនើប៕











Post a Comment