គណៈប្រតិភូក្រសួង ចុះពិនិត្យសិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន
ដោយ : ជឹម ទូច
នាថ្ងៃទី២-៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំគណៈប្រតិភូក្រសួង បានចុះពិនិត្យផ្ទាល់ សិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមអមដំណើរពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផងដែរ។
គោលបំណងនៃបេសកកម្មនេះត្រូវបានធ្វើឡើង ដើម្បីចុះពិនិត្យស្ថានភាពផ្ទាល់ជាក់ស្តែងពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលពាក់ព័ន្ធ នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ អំពីទិន្នន័យផ្លូវ ការធ្វើចរាចរណ៍របស់បងប្អូនពលរដ្ឋក្នុងតំបន់ និងអ្នកឆ្លងកាត់ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ វាយតម្លៃលើគម្រោង ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានបញ្ចប់ការសិក្សាបឋមសម្រាប់ការតភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជិតខាង៕









Post a Comment