ក្នុងខែតុលា ការនាំចូលទំនិញពីថៃមកកម្ពុជា មានតម្លៃជាង ២៣៩លានដុល្លារ ថយចុះជិត២០%

ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៥ នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២៣៩លានដុល្លារ ថយចុះ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ២៩៨លានដុល្លារ។

តែយ៉ាងណាមិញ បើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ មានការកើនឡើងបន្តិច ក្នុងរង្វង់ជាង ៣០លានដុល្លារ ពោលគឺក្នុងកញ្ញា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃជាង២០៧ លានដុល្លារ ខណៈក្នុងខែតុលា មានតម្លៃជាង២៣៩លានដុល្លារ។

ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ មានតម្លៃ ៥៩លានដុល្លារ ថយចុះ៧.៥% បើធៀបនឹងកាលពីខែតុលា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៦២លានដុល្លារ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.២ពាន់លានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង៣.៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ១១.៥% ស្របពេលថៃនាំចូលកម្ពុជាវិញមាន ២.៥ពាន់លានដុល្លារ ថយចុះ៨.៨%៕









 

Powered by Blogger.