អ្នកនាំពាក្យការពារជាតិ បង្ហាញលទ្ធផល នៃការធ្វើបទបង្ហាញ ពីកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ ទៅអនុព័ន្ធយោធាបរទេស
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បាបនបង្ហាញលទ្ធផល នៃការធ្វើបទបង្ហាញ របស់ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជូនអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា (MACPP) សរុបចំនួន១២ប្រទេស អំពីការអនុវត្ត សេចក្តីថ្លែងការណ៍រួម (កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ) នៅទីក្រុងកូឡាឡាំពួរ នាថ្ងៃ១៦ តុលា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ
បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងការធ្វើបទបង្ហាញនេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់
ដារ៉ារ័ត្ន បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម
ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព
ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។
លោករដ្ឋលេខាធិការ
បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព
និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងថៃ
ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី
ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ
ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។
លោកឧត្តមសេនីយ៍ឯក
រ៉ាត់ ដារ៉ារ័ត្ន
បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួមមាន
ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការ
ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន
ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត
ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី
រវាងកម្ពុជានិងថៃ។
លោករដ្ឋលេខាធិការ
បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត
និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ
ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជន ទាំងពីរ។
លោករដ្ឋលេខាធិការ
ក៏បានគូសបញ្ជាក់បន្ថែមទៀត នូវការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះម៉ាឡេស៊ី
ដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់
ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់
និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
លោករដ្ឋលេខាធិការ
ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា
ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព
និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍
និងស្មារតីអាស៊ាន៕










Post a Comment