១០ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទឹកប្រាក់ជាង ១០.៧ពាន់លានដុល្លារ កើនឡើង២៧%
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ១០.៧ពាន់លានដុល្លារ កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ជាង៨.២ ពាន់លានដុល្លារ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា
កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានតម្លៃ១០.៤ពាន់លានដុល្លារ កើនឡើង២៦.៤%
ខណៈការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ មានតម្លៃជាង ៣២៦លានដុល្លារ កើនឡើង៤៩.៧%។
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា
និងសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាណល្អប្រសើរជាបន្តបន្ទាប់
ជាពិសេសក្រោយពេលដែលប្រទេសពីរ បានអនុវត្តពន្ធបដិកាថ្មី ដែលបានចូលជាធរមាន
កាលពីដើមខែសីហា។ ក្នុងខែតុលាកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា
និងសហរដ្ឋអាមេរិកសម្រេចបានជាង ១.១ពាន់លានដុល្លារ
ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ១.១ពាន់លានដុល្លារ
កើនឡើង៤៣.៦% បើធៀបនឹងកាលពីឆ្នាំ២០២៤ មានទំហំ ត្រឹមជាង៦២៥លានដុល្លារប៉ុណ្ណោះ។
ចំណែកការនាំចេញពីអាមេរិក
មកកាន់កម្ពុជាវិញមានទំហំទឹកប្រាក់ជាង ៤២លានដុល្លារ កើនឡើង៧២.៣%
បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ជាង ២៤លានដុល្លារ។
អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរ សហរដ្ឋអាមេរិក នៅតែជាទីផ្សារចម្បងសម្រាប់កម្ពុជា
ដោយការនាំចូលភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំផ្សេងៗ។
សូមជម្រាបថា
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការចរចាជាបន្តបន្ទាប់
សហរដ្ឋអាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកាពី៤៩% ដល់១៩%
ចំពោះទំនិញកម្ពុជានាំចូលទីផ្សារអាមេរិក ខណៈកម្ពុជា
បានសម្រេចទម្លាក់អត្រាពន្ធត្រឹម ០% សម្រាប់ទំនិញអាមេរិកនាំចូលកម្ពុជា៕

Post a Comment