សហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ក្រោយបទឈប់បាញ់នៅហ្កាហ្សាប្រឈមនឹងការរង្គោះរង្គើ
ហ្ស៊េរុយសាឡិម៖ បេសកជនសហរដ្ឋអាមេរិកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស វិលត្រឡប់មកអនុវត្តផែនការឈប់បាញ់ឡើងវិញ បន្ទាប់ពីការផ្ទុះអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានគំរាមកំហែងដល់បទឈប់បាញ់ដែលចូលជាធរមានបានមួយសប្តាហ៍។
ថ្វីបើមានការប៉ះទង្គិចគ្នា
ដែលក្នុងនោះការវាយប្រហាររបស់សកម្មជនប៉ាឡេស្ទីនបានសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់
និងការទម្លាក់គ្រាប់បែកសងសឹកពីអ៊ីស្រាអែលដែលសម្លាប់មនុស្សយ៉ាងហោចណាស់
២៨នាក់នៅហ្កាហ្សា
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបទឈប់បាញ់។ លោក
ដូណាល់ ត្រាំ ក៏បានអះអាងដែរថា បទឈប់បាញ់នៅតែមានសុពលភាព។
បេសកជនអាមេរិក
លោក ស្ទីវ វីតកូហ្វ (Steve
Witkoff) និងលោក ចារ៉េដ ឃូសនឺរ (Jared Kushner) ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការពង្រឹងបទឈប់បាញ់
មុននឹងចាប់ផ្តើមការពិភាក្សាលើដំណាក់កាលបន្ទាប់ដែលកាន់តែលំបាកនៃផែនការសន្តិភាព។
អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ (JD Vance) ក៏គ្រោងនឹងមកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃអង្គារនេះផងដែរ។
សូមជម្រាបថា
អំពើហិង្សានៅតែបន្តកើតមានឡើងកាលពីថ្ងៃចន្ទ
ដោយកាំភ្លើងធំរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ទៀត នៅជិត «ខ្សែបន្ទាត់ពណ៌លឿង»
ដែលជាខ្សែបន្ទាត់កំណត់ការដកថយរបស់យោធាអ៊ីស្រាអែល។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានអះអាងថា
ខ្លួនបានបាញ់ប្រហារទៅលើក្រុមសកម្មប្រយុទ្ធដែលបានឆ្លងកាត់ខ្សែបន្ទាត់នេះប៉ុណ្ណោះ៕ (ប្រភព៖ Reuters)

Post a Comment