កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។
ការលើកឡើងនេះ តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញេីជូន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន
ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងលោក
សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់
ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី១
នៅឆ្នាំ ២០២១។
សម្ដេចបវរធិបតី បន្ដថា ជាការពិតណាស់
ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី២
នៅឆ្នាំ ២០៤៩ ក្នុង ពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់
និងអន្តរជាតិ តាមរយៈ គំនិតផ្តួចផ្តើមចម្បងៗ ដែលលើកកម្ពស់ការតភ្ជាប់
ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និងចីរភាពសកល។
សម្ដេច គូសបញ្ជាក់ថា «កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប
ដែលកម្ពុជាមានជាមួយចិន។ ក្នុងស្មារតីនេះ
យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ជំរុញឱ្យសម្រេច បានគោលដៅ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី
ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព
និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក»៕



Post a Comment