សភាអ៊ុយក្រែន អនុម័តថវិកាបន្ថែមសម្រាប់ការចំណាយការពារជាតិដល់កម្រិតខ្ពស់បំផុត

កៀវ៖ សភាអ៊ុយក្រែន នៅថ្ងៃអង្គារ បានបោះឆ្នោតដើម្បីធ្វើវិសោធនកម្មថវិកាជាតិសម្រាប់ឆ្នាំនេះ ដោយបានបង្កើនការចំណាយផ្នែកការពារជាតិដល់កម្រិតកំណត់ត្រាថ្មី ខណៈសង្គ្រាមជាមួយរុស្ស៉ីបានអូសបន្លាយចូលដល់ឆ្នាំទីបួន។

នេះគឺជាលើកទីពីរហើយនៅក្នុងឆ្នាំនេះ ដែលអ៊ុយក្រែនត្រូវបង្កើនការចំណាយសម្រាប់វិស័យយោធា និងការផលិតអាវុធ។ ការបង្កើននេះមានទំហំប្រមាណ ៧.៧ពាន់លានដុល្លារ ដែលធ្វើឱ្យការចំណាយការពារជាតិសរុបកើនដល់ប្រមាណ ៧០.៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក សឺហ៊ី ម៉ាចិនកូ (Serhiy Marchenko) បាននិយាយថា «យើងយល់ថាស្ថានការណ៍កំពុងផ្លាស់ប្តូរជានិច្ច ហើយវាគឺជាភាពចាំបាច់មួយដែលតម្រូវឱ្យមានការបង្កើនការចំណាយ ដើម្បីទប់ទល់នឹងការឈ្លានពានឱ្យមានប្រសិទ្ធភាព»

មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ផ្នែកមួយនៃថវិកាដែលត្រូវការនេះ នឹងត្រូវបានផ្គត់ផ្គង់ដោយមូលនិធិពីកម្ចីរបស់ក្រុមប្រទេស G7 ដែលត្រូវបានធានាដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កក។ នាយករដ្ឋមន្ត្រី លោកស្រី យូលីយ៉ា ស្វីរីដេនកូ (Yulia Svyrydenko) បានបញ្ជាក់ថា «ការប្រាក់ពីទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក នឹងត្រូវចំណាយលើវិស័យការពារជាតិ»

គួរបញ្ជាក់ថា អ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងលើជំនួយហិរញ្ញវត្ថុពីដៃគូបស្ចិមប្រទេស ខណៈដែលប្រទេសនេះចំណាយចំណូលភាគច្រើនរបស់ខ្លួនដើម្បីផ្គត់ផ្គង់ដល់វិស័យការពារជាតិ។ ទិន្នន័យក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ រដ្ឋាភិបាលបានចំណាយជាង ៦៣% នៃថវិកាសរុបរបស់ខ្លួនដើម្បីផ្គត់ផ្គង់ដល់វិស័យយោធា៕ (ប្រភព៖ Reuters)

 


Powered by Blogger.