គ្រូបង្គោលឆ្នើមៗមកពីក្រសួងព័ត៌មាន ចែករំលែកចំណេះដឹងដល់សិក្ខាកាមជាង១០០នាក់ នៅខេត្តកែប
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ មន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញគ្រូបង្គោលឆ្នើមៗក្នុងវិស័យព័ត៌មានចំនួន៣រូបមកពីក្រសួងព័ត៌មាន ដើម្បីចែករំែលកចំណេះដឹងជូនដល់សិក្ខាកាមចំនួន១៥៥នាក់ ក្នុងវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន-ផ្សព្វផ្សាយ និងផ្សព្វផ្សាយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់របបសារព័ត៌មាន រយៈពេល២ថ្ងៃ ពោលពីថ្ងៃទី២៩ និង៣០ ខែកញ្ញា នៅសាលប្រជុំសាលាខេត្តកែប។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោល វត្តមានស្វាគមន៍ដោយ លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឯកឧត្តមប្រតិភូអមដំណើរ និងសិក្ឋាកាមមកពីបណ្តាមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ អ្នកសារព័ត៌មានមកពីវិស័យឯកជន និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តកែប។
វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ បង្ហាត់បង្ហាញដោយគ្រួបង្គោលដែលអញ្ជើញមក ពីក្រសួងព័ត៌មានចំនួន៣រូប មាន ឯកឧត្តមបណ្ឌិត ឆាយ សុផល បង្រៀនអំពី វិធីសាស្រ្តសរសេរព័ត៌មាន និងស្រ្គីព និងផ្សព្វផ្សាយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់របបសារព័ត៌មាន លោក អ៊ុយ ប៊ុនមី ប្រឹក្សាក្រសួង បង្រៀនអំពីបច្ចេកទេសថត និងកាត់តវីដេអូ និងលោក អ៊ុក គឹមសេង បង្រៀនអំពី ការប្រើប្រាស់AI ក្នុងការសរសេរព័ត៌មាន។
បើតាមលោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងថា ក្នុងនាមមន្ទីរតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស ស្របតាមបរិបទបច្ចេកវិទ្យាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះដើម្បីដើរអោយទាន់របត់នៃយុគ្គសម័យនេះ ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មន្ទីរបានបញ្ជួនមន្រ្តីរាជការនៃមន្ទីរព័ត៌មាន ទៅចូលរួមវគ្គបណ្តុះបណ្តាល នៅក្រសួងចំនួន៤លើក ក្នុងនោះបានរៀបចំវគ្គបណ្តុះបណ្តាលនៅមន្ទីរផ្ទាល់ចំនួន២លើក។









Post a Comment