កងកម្លាំងរុស្ស៊ី សម្រុកវាយលុកយ៉ាងគំហុកនៅភាគខាងកើតអ៊ុយក្រែន មុនជំនួបកំពូលរវាងលោក ត្រាំ និងពូទីន
មូស្គូ៖ កងកម្លាំងរុស្ស៊ី បានធ្វើការសម្រុកចូលយ៉ាងគំហុកទៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ក្បែរទីក្រុងរ៉ែធ្យូងថ្ម Dobropillia ដែលជាចលនាមួយអាចមានគោលបំណងបង្កើនសម្ពាធលើទីក្រុងកៀវឱ្យប្រគល់ទឹកដី ខណៈដែលប្រធានាធិបតីអាមេរិក និងរុស្ស៊ីត្រៀមជួបពិភាក្សាគ្នា។
ការរុលទៅមុខនេះកើតឡើងស្របពេលដែលលោក
ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន
គ្រោងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចកើតឡើង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ក្នុងជំនួបនៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រ។
ផែនទីសង្រ្គាមដ៏គួរឱ្យទុកចិត្តរបស់អ៊ុយក្រែន
DeepState បានបង្ហាញនៅថ្ងៃអង្គារនេះថា
កងកម្លាំងរុស្ស៊ីបានរុលទៅមុខយ៉ាងហោចណាស់ ១០គីឡូម៉ែត្រ
តាមច្រកចំនួនពីរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីដណ្ដើមគ្រប់គ្រងតំបន់ Donetsk
ទាំងស្រុង។ ការរុលទៅមុខនេះ គឺជាការឈានទៅមុខដ៏លឿនបំផុតមួយ
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ
ដោយរុស្ស៊ីបានឆ្លៀតយករឱកាសពីកង្វះកម្លាំងទ័ពរបស់អ៊ុយក្រែន។
DeepState បានបញ្ជាក់ថា «ស្ថានការណ៍គឺមានភាពវឹកវរណាស់
ដោយសារសត្រូវដែលបានរកឃើញចន្លោះប្រហោងនៅក្នុងខ្សែរការពារ កំពុងជ្រៀតចូលកាន់តែជ្រៅ
ដោយព្យាយាមពង្រឹងជំហរ និងប្រមូលផ្តុំកម្លាំងយ៉ាងលឿនសម្រាប់ការរុលទៅមុខបន្តទៀត»។
ភាគីរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ទោះជាយ៉ាងណា អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Viktor Trehubov បានអះអាងថា
មានតែកងកម្លាំងក្រុមតូចៗប៉ុណ្ណោះដែលកំពុងជ្រៀតចូលក្នុងខ្សែរការពារ
ហើយនេះមិនមែនជាការបំបែករណសិរ្សឡើយ៕(ប្រភព៖ Reuters)


Post a Comment