ភ្នំពេញក្រោន ឡើងវគ្គចែកពូល ACGL 2025/26 ក្រោយលត់ក្រុមម្ចាស់ផ្ទះ Kasuka យ៉ាងចាស់ដៃ

ភ្នំពេញ៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានលត់ក្រុមម្ចាស់ផ្ទះ Kasuka FC ដែលជាក្រុមជើងឯកលីគកំពូលប្រ៊ុយណេ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ដើម្បីឡើងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) ឆ្នាំ២០២៥/២៦។

ជំនួបវគ្គជម្រុះបឋម(Preliminary Stage) រវាងក្រុមទាំងពីរ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រ៊ុយណេ កាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ខណៈការប្រកួតបានធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីខាងលើ។

ជាលទ្ធផលក្រុមភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់។ ជ័យជម្នះនេះ នាំឲ្យក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៨ ភ្នំពេញក្រោន ក្លាយជាក្លិបបាល់ទាត់កម្ពុជាទី២ ដែលត្រូវលេងវគ្គចែកពូល នៃពានរង្វាន់ AFC Challenge League 2025/26 បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលឈរចាំនៅវគ្គចែកពូលដោយស្វ័យប្រវត្តិ។ ចំពោះវគ្គចែកពូល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) គ្រោងនឹងធ្វើការចាប់ឆ្នោតនាថ្ងៃទី២៨ ខែសីហាខាងមុខ៕



 

Powered by Blogger.