សម្ដេចតេជោ ចោទសួរថា ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានចោទសួរថា ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូប មកឲ្យកម្ពុជាវិញ?
តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយសម្រាកបានជាង ២ម៉ោង សម្ដេច មកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត។
សម្ដេច ក៏ក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា ១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោងដែលជាការ បំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។
សូមរំលឹកថា នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ បានប្រគល់ទាហានមកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់កម្ពុជា ដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជាទទួលបានវីរៈកងទ័ពចំនួន២រូប នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលរួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ឆ្នាំ មានបញ្ហាសតិអារម្មណ៍ និងឈ្មោះ ព្រិន្ទបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ រងរបួសធ្ងន់ ពេលនេះបងប្អូនកងកម្លាំង២រូបត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ៕
Post a Comment