នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព
គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim នាថ្ងៃអង្គារ ទី១២ ខែសីហា បានឱ្យដឹងថា ម៉ាឡេស៊ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំងជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
ការអត្ថាធិប្បាយដូចខាងលើរបស់លោក
Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ
របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៊ី។
ក្នុងសន្និសីទរួមជាមួយលោក
Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង
រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា
សម្រាប់ជនភៀសខ្លួន ព្រមទាំងសម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយដី»។
បើតាមលោក Anwar រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី
នឹងទទួលបន្ទុកធ្វើការពាក់ព័ន្ធបេសកកម្មមីយ៉ាន់ម៉ាខាងលើ
ដែលគ្រោងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ
ជាមួយសមភាគីមកពីប្រទេសមួយចំនួនទៀតក្នុងតំបន់ ដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីន។
ប្រទេសម៉ាឡេស៊ី ឆ្នាំនេះ មានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន
សូមជម្រាបថា បង់ក្លាដែសកំពុងផ្តល់ការជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១លាននាក់។ រ៉ូហ៉ីងយ៉ាជាជនជាតិភាគតិចមូស្លីម រស់នៅជាចម្បងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន។ បើតាមអង្គការសហប្រជាជាតិ ការកើនឡើងនៃសង្រ្គាមស៊ីវិល រួមជាមួយអំពើហិង្សាកំណត់គោលដៅប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា បានបង្ខំឱ្យមនុស្សប្រហែល១៥០ ០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ៕ (ប្រភព៖ AFP)

Post a Comment