ពូទីន និង គីម ជុងអ៊ុន ជួបសន្ទនាតាមទូរស័ព្ទ មុនកិច្ចប្រជុំកំពូលត្រាំ-ពូទីន នៅ Alaska

សេអ៊ូល៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន  បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ក្រោមបរិយាកាសសមមិត្តដ៏កក់ក្ដៅកាលពីថ្ងៃអង្គារ ជាមួយការបញ្ជាក់ឡើងវិញពីការឆន្ទៈរបស់ មេដឹកនាំទាំង២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅពេលអនាគត។

ជំនួបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលរបស់លោក ពូទីន ក្នុងរដ្ឋ Alaska ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ពូទីន និងលោក គីម ជុងអ៊ុន បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៣ ខែសីហា បានរាយការណ៍ថា លោក ពូទីន ក៏បានបង្ហាញការកោតសរសើរដល់ស្មារតីលះបង់របស់ទាហានកូរ៉េខាងជើង នៅក្នុងការជួយកងទ័ពរុស្ស៉ីវាយរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែនផងដែរ។ ជាការឆ្លើយតបត្រឡប់ទៅវិញ លោក គីម បានសន្យាថាកូរ៉េខាងជើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ គ្រប់វិធានការដែលដាក់ចេញដោយថ្នាក់ដឹកនាំរុស្ស៉ីនៅថ្ងៃខាងមុខ។

សូមជម្រាបថា រុស្ស៉ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នានាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប្រទេសទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកទៀតផងកាលពីឆ្នាំ២០២៤ អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង។ កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ីកាលពីខែមេសាកន្លងទៅ៕ (ប្រភព៖ AFP)



 

Powered by Blogger.