ជប៉ុនព្រមានពីរលកស៊ូណាមិកម្ពស់ ៣ម៉ែត្រ ក្រោយគ្រោះរញ្ជួយដីនៅឧបទ្វីប Kamchatka របស់រុស្ស៉ី

តូក្យូ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៨.៧រ៉ិចទ័របានវាយប្រហារលើតំបន់ឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី នៅថ្ងៃពុធ ទី៣០ ខែកក្កដា ដោយបង្កឱ្យមានការព្រមានពីរលកស៊ូណាមិពីសំណាក់ទីភ្នាក់ងារឧតុនិយមជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថាគ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៨៖២៥នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ដោយឡែក បើតាមទូរទស្សន៍ជប៉ុន NHK គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រពីកោះ Hokkaido ស្ថិតនៅចុងភាគខាងជើងបំផុតនៃប្រទេសជប៉ុន និងបានបង្កឱ្យមានរលកស៊ូណាមិ​ កម្ពស់៣ទៅ៤ម៉ែត្រ នៅតាមផ្នែកខ្លះនៃឧបទ្វីប Kamchatka របស់រុស្ស៉ី។

ជប៉ុនបានធ្វើបច្ចុប្បន្នភាពលើការណែនាំពីរលកស៊ូណាមិ ដោយនិយាយថារលកស៊ូណាមិអាចនឹងមានកម្ពស់៣ម៉ែត្រ នៅតាមតំបន់ឆ្នេររបស់ខ្លួនដែលស្ថិតនៅតាម បណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក។ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថារដ្ឋាភិបាលជប៉ុនក៏បានចេញបញ្ជាឱ្យជម្លៀសខ្លួនផងដែរ ជាមួយការព្រមានមិនឱ្យ ធ្វើដំណើរទៅកាន់សមុទ្រ ឬទៅក្បែរតំបន់ឆ្នេរ រហូតដល់ការព្រមានត្រូវបានលុបចោល៕ (ប្រភព៖ Reuters )



 

Powered by Blogger.