CMAC ត្រៀមពង្រាយកម្លាំងជំនាញ ដើម្បីបោសសម្អាត គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា អង្គភាព CMAC ត្រៀមពង្រាយកម្លាំងជំនាញ ដើម្បីស្រាវជ្រាវ កំណត់តំបន់ផលប៉ះពាល់ និងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា គ្រាន់តែស្ងប់ស្ងាត់ គ្រាប់កាំភ្លើងបន្តិច ប្រជាពលរដ្ឋបានទំនាក់ទំនង មករកអង្គភាព CMAC ជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា ។

ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា «នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាត ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព»

ក្នុងសភាពការណ៍ចំពោះមុខ ឯកឧត្តម អគ្គនាយក ក៏អំពាវនាវជូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ ២៤ម៉ោង លើ២៤ ម៉ោង នៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ៕











 

Powered by Blogger.