ម៉ិកស៊ិក បដិសេធសំណើ ត្រាំ​ ដែលចង់បញ្ជូនទ័ពទៅជួយបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន

 ប្រភព៖ Reuters  

ម៉ិកស៊ិកូស៊ីធី៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើបញ្ជូនកងទ័ពអាមេរិកមកកាន់ម៉ិកស៊ិក ដើម្បីជួយប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មគ្រឿងញៀន ប៉ុន្តែលោកស្រីបានបដិសេធសំណើនោះ ព្រោះអធិបតេយ្យជាតិមិនមែនសម្រាប់លក់។

ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum គឺជាការឆ្លើយតបចំពោះសំណួរមួយ ស្តីអំពីសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃទី២ ខែឧសភា ដែលថា លោក ត្រាំ កំពុងដាក់សម្ពាធឱ្យម៉ិកស៊ិកអនុញ្ញាត ការចូលពាក់ព័ន្ធស៊ីជម្រៅពីសំណាក់យោធាអាមេរិក ប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀនឆ្លងព្រំប្រទល់ រវាងប្រទេសទាំងពីរ។

លោកស្រីប្រធានាធិបតីម៉ិកស៊ិក បានអះអាងដូច្នេះថា «អំឡុងកិច្ចសន្ទនាទូរសព្ទមួយ លោក ត្រាំ បាននិយាយថា 'តើខ្ញុំអាចជួយ​អ្នកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនដោយរបៀបណា? ខ្ញុំចង់ស្នើបញ្ជូនកងទ័ពអាមេរិកទៅជួយអ្នក' ប៉ុន្តែខ្ញុំបានប្រាប់តបទៅលោក ត្រាំ វិញថា 'អត់ទេលោកប្រធានាធិបតី ត្រាំ បូរណភាពទឹកដី និងអធិបតេយ្យជាតិ គឺជារឿងសំខាន់ខ្លាំងណាស់ មិនមែនសម្រាប់លក់ទេ ប៉ុន្តែសម្រាប់ស្រឡាញ់ និងថែរក្សាការពារ។ លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា ខណៈឞ្រទេសទាំងពីរអាចសហការគ្នា ប៉ុន្តែប្រទេសរបស់លោកស្រី គ្មានថ្ងៃទទួលយកដាច់ខាត នូវវត្តមានរបស់យោធាអាមេរិក ក្នុងទឹកដីរបស់ខ្លួន។

លោកស្រី Sheinbaum បានបន្ថែមថា អំឡុងកិច្ចសន្ទនាទូរសព្ទមួយទៀត លោកស្រី ក៏បានស្នើឱ្យលោក ត្រាំ ជួយទប់ស្កាត់កុំឱ្យ​អាវុធហូរចូលម៉ិកស៊ិកពីសហរដ្ឋអាមេរិកផងដែរ ដែលបានដុតបញ្ឆេះអំពើហិង្សា និងបង្កើនសកម្មភាពជួញដូរគ្រឿងញៀន។ លោក បាននិយាយថា «យើងអាចសហការគ្នា អាចធ្វើការជាមួយគ្នាបាន ប៉ុន្តែអ្នកធ្វើនៅខាងទឹកដីរបស់អ្នក យើងធ្វើនៅខាងទឹកដីរបស់យើង»

សូមជម្រាបថា លោក ត្រាំ ធ្លាប់និយាយជាសាធារណៈថា សហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពយោធាឯកតោភាគី ប្រសិនបើម៉ិកស៊ិក បរាជ័យក្នុងការបោសសំអាតក្រុមឧក្រិដ្ឋជនគ្រឿងញៀន។ មេដឹកនាំទាំងពីរធ្លាប់បាននិយាយគ្នាតាមទូរសព្ទប៉ុន្មានលើក អំឡុងពេល​ប៉ុន្មានខែកន្លងមកនេះ ដើម្បីជជែកអំពីបញ្ហាសន្តិសុខ ពាណិជ្ជកម្ម និងអន្តោប្រវេសន៍។ កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានកត់ឈ្មោះក្រុម Sinaloa Cartel រួមទាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៊ិកដទៃទៀត ចូលបញ្ជីអង្គការភេរវករសកល៕






 

 

Powered by Blogger.