ឡាវ អនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានអនុញ្ញាតឱ្យកម្ពុជា ដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន ទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ប្រទេសឡាវ។
គួរបញ្ជាក់ថា
កាលថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ
វិស័យកសិកម្មរវាងប្រទេសទាំងពីរ
និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម
ពីឡាវមកកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី
បានចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃ
ព្រះរាជាណាចក្រកម្ពុជា
និងក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចប្រជុំនេះ
រដ្ឋមន្ត្រីទាំងពីរបានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃ
អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា
និងចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ជាលទ្ធផលនៃកិច្ចប្រជុំ
ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាពចំនួន៣
សំខាន់ៗដូចខាងក្រោម៖
ទី១៖
កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់
លើជីប៉ូតាស (potash-based fertilizer)។
ទី២៖
ការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣
តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ
ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។
ទី៣៖
ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម
ដើម្បីផល ប្រយោជន៍រួមនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ច ផ្ទាល់នៅ ក្រុមហ៊ុន Asia-Potash ដែលជាក្រុមហ៊ុនលំដាប់លេខ៥ក្នុងពិភពលោកលើការផលិតជីប៉ូតាស
(potash-based fertilizer)។
សូមជម្រាបថា
ដំណើរទស្សនកិច្ចនេះមានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម
និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយក ផលិតផលសម្រេចជីប៉ូតាស (potash-based
fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជា៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖
Post a Comment