សម្តេចធិបតី ប្រកាសថា មិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅកម្ពុជា ទោះបីសម្រាប់នាំចេញក៏ដោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី
អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបវរធិបតី
ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង
ជាពិសេសក្នុងចំណោមសិស្សសាលា។ សម្តេចបានបញ្ជាក់ថា
គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ
និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី
ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។
លើសពីនេះ
សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កាលពេលថ្មីៗនេះ
មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា
រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល
អំពីគោលការណ៍នៃការវិនិយោគនេះ។ ទោះជាយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត
បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការការវិនិយោគបែបនេះទេ
ទោះបីជាផលិតផលនោះសម្រាប់នាំចេញក៏ដោយ។
សម្តេចបានបន្ថែមទៀតថា កម្ពុជាមានជម្រើសវិនិយោគជាច្រើនផ្សេងទៀត ហើយការមិនមានរោងចក្រផលិតបារីអគ្គិសនីនៅក្នុងប្រទេសក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពខ្វះខាតដែរ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍រាល់ការវិនិយោគផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការផលិតបារីអគ្គិសនី៕
Post a Comment