ក្រសួងកិច្ចនារី បើកវគ្គបណ្តុះបណ្តាលស្តីពី “ការគាំទ្រការអភិវឌ្ឍសេវាកម្ម និងផលិតកម្ម របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី”

អត្ថបទ៖ សុខ ចរណៃ

ខេត្តបាត់ដំបង៖ ក្រសួងកិច្ចនារី បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការគាំទ្រការអភិវឌ្ឍសេវាកម្ម និងផលិតកម្ម របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី” ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសណ្ឋាគារស្រ្ពីងផាក ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សុវឌ្ឍ សុបញ្ញារ័ត្ន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ផាវ៉ាន់ សាកឿត សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្រ្តីមន្ទីរកិច្ចការនារី និងមន្រ្តីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តចំនួន៧ខេត្ត រួមមានខេត្តបាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី សរុបប្រមាណ៤២នាក់។

លោកជំទាវ ផាវ៉ាន់ សាកឿត បានមានមតិស្វាគមន៍ដោយលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាល នេះ គឺលើកកម្ពស់ការយល់ដឹង សម្រាប់មន្រ្តីមន្ទីរកិច្ចការនារី មន្រ្តីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍអាជីវកម្មឆ្ពោះទៅការបង្កើនប្រាក់ចំណូល នៅក្នុងសហគម។ ក្នុងនោះដែរ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ គាំទ្រវគ្គបណ្តុះបណ្តាល ស្តីពី “ការគាំទ្រការអភិវឌ្ឍសេវាកម្ម និងផលិតកម្ម របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី”នេះ ហើយគ.ក.ស.ក ខេត្ត ក៏ដូចជាមន្ទីរកិច្ចការនារីខេត្ត គឺមានគោលដៅធ្វើយ៉ាងណា សម្របសម្រួលស្វែងរកការគាំទ្រ ពីថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អង្គការដៃគូរ ជាតិ អន្តរជាតិ វិស័យឯកជន និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនការចូលរួម ក្នុងការដោះស្រាយ ក្នុងការផ្តល់សេវា ជាពិសេសតម្រូវការអាទិភាពរបស់ស្រ្តី។

លោកជំទាវ សុវឌ្ឍ សុបញ្ញារ័ត្ន បានមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ មិនមែនជាលើកទី១ទេ ដែលក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលបែបនេះ ដល់មន្រ្តីថ្នាក់ខេត្ត តាមរយៈថវិការដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានតែងតែយកចិត្តទុកដាក់គិតគូពង្រឹងសមត្ថភាព ដល់ស្រ្តីក្រោមឱវាទ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍអាជីវកម្ម និងសហគ្រិនភាព ដើម្បីឱ្យយើងទាំងអស់មានលទ្ធភាពពង្រឹង និងពង្រីកចំណេះដឹង ដល់ស្រ្តីនៅតាមសហគមអភិវឌ្ឍន៍។ លោកជំទាវមានសង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងនោះដែរ សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ សិក្សារៀនសូត្រ ដោយធ្វើការកត់ត្រា សួរនូវសំណួរ ដែលមានការឆ្ងល់មិនច្បាស់ត្រង់ចំនុចណាមួយ សូមឱ្យគ្រូឧទ្ទេស ដើម្បីឱ្យគាត់ធ្វើការពន្យល់បកស្រាយជូន បានជាទុនយកទៅធ្វើការអភិវឌ្ឍអាជីវកម្មឆ្ពោះទៅការបង្កើនប្រាក់ចំណូល នៅក្នុងសហគមឱ្យកាន់តែប្រសើរឡើងថែមទៀត៕









Powered by Blogger.