អូស្រ្តាលី និងនូវែលសេឡង់ សន្យាផ្តល់ការគាំទ្រដល់ឧស្សាហកម្មខ្សែភាពយន្ត ក្រោយ ត្រាំ បញ្ជាដំឡើងពន្ធ
ប្រភព៖ Reuters
កង់បេរ៉ា៖ អូស្រ្តាលី និងនូវែលសេឡង់ នៅថ្ងៃចន្ទ ទី៥ ខែឧសភានេះ បាននិយាយថា ពួកគេនឹងផ្តល់ការគាំទ្រសម្រាប់ឧស្សាហកម្មខ្សែភាពយន្តរបស់ប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ជាឱ្យយកពន្ធ១០០ភាគរយ លើភាពយន្តទាំងឡាយ ដែលផលិតនៅក្រៅប្រទេសរបស់លោក។
កាលពីថ្ងៃអាទិត្យ
ទី៤ ខែឧសភា លោក ត្រាំ បានប្រកាសថា លោកកំពុងបញ្ជាឱ្យយកពន្ធថ្មីដល់ ១០០ភាគរយ
លើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នកផលិតភាពយន្តអាមេរិក
និងការជ្រើសរើសប្រើស្ទូឌីយ៉ូបរទេស។
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី
លោក Tony Burke បាននិយាយថា
រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា
យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។
ចំណែកនាយករដ្ឋមន្រ្តីនូវែលសេឡង់
លោក Christopher Luxon បាននិយាយថា
រដ្ឋាភិបាលរបស់លោក កំពុងរង់ចាំព័ត៌មានលម្អិតបន្ថែម ស្តីអំពីការយកពន្ធរបស់អាមេរិក។
លោក Luxon បានលើកឡើងថា «យើងនឹងត្រូវរង់ចាំមើលព័ត៌មានលម្អិតនៃអ្វីដែលនឹងលេចចេញពិតប្រាកដ។
ប៉ុន្តែច្បាស់ណាស់ យើងនឹងផ្តល់ការគាំទ្រដល់ឧស្សាហកម្មភាពយន្តរបស់យើង»៕
Post a Comment