សាច់ជ្រូកខូចគុណភាពប្រមាណ ៦០០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាប និងយកទៅដុតបំផ្លាញចោល

អត្ថបទ៖ សុខ ចរណៃ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះ  សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។

លោក គឹម ប្រុស បញ្ជាក់ថាសាច់ជ្រូក៦០០គីឡូក្រាម ដែលឈ្មួញដឹកជញ្ជូនតាមរថយន្តខាងលើ គ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាតិ ដោយក្រុមឈ្មួញដឹកជញ្ជូនពីប៉ែកខាងកើត ចូលក្រុងបាត់ដំបង។ លោកថានេះជាលើកទី១ហើយដែលមានឈ្មួញដឹកជញ្ជូនមកពីប៉ែកខាងកើត  ដែលកន្លងទៅធ្លាប់មានតែដឹកមកពីប៉ែកខាងលិច។

លោកបន្ថែមថា ក្រោយការបង្រ្កាប មន្រ្តីជំនាញបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា និងដឹកនាំកម្លាំង ធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព ខាងលើ នៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែករថយន្តនឹងអ្នកពាក់ព័ន្ធបានប្រគល់ជូនទៅសមត្ថកិច្ចនៃស្នងការខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕








Powered by Blogger.