លោក ស៊ី ជីនពីង ទៅដល់ទីក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូគ្មានព្រំដែនជាមួយ ពូទីន
ប្រភព៖ AFP
មូស្គូ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូហើយកាលពីថ្ងៃពុធ ទី៧ ខែឧសភា ក្រោមក្របខណ្ឌនៃការបំពេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងនោះរួមមានទាំងការចូលរួមក្នុងព្យុហយាត្រាទិវាជ័យជម្នះ និងបង្ហាញពីការគាំទ្រចំពោះលោក វ្ល៉ាឌីមៀ ពូទីន។
បើតាមវិមានក្រឹមឡាំង លោក ស៊ី ជីនពីង និងលោក
ពូទីន គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន រួមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក
និងរុស្ស៉ី នៅក្នុងជំនួបទល់មុខ។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង
បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន ប៉ុន្មានសប្ដាហ៍មុននឹងលោក ពូទីន
បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពី
ពេលនោះមក ទំនាក់ទំនងយោធា
និងពាណិជ្ជកម្មរវាងប្រទេសទាំង២ត្រូវបានពង្រីកបន្ថែមបង្កជាក្ដីកង្វល់ដល់លោកខាងលិច។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ
កើតមានឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងឡើងកម្ដៅជុំវិញបញ្ហាពន្ធគយ
និងខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមផ្សះផ្សាជាមួយ លោក ពូទីន
ក្នុងគោលដៅសម្របសម្រួលបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតរុស្ស៉ី Rossiyskaya
Gazeta កាលពីថ្ងៃពុធ លោក ស៊ី ជីនពីង បានកោតសរសើរចំពោះភាពធន់នៃទំនាក់ទំនងរវាងចិន
និងរុស្ស៉ី ហើយបានប្រាប់ឱ្យបណ្ដាប្រទេសដទៃកុំលូកលាន់ចូល
ឬព្យាយាមបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំង២៕
Post a Comment