ក្រសួងអប់រំ និងធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីណែនាំ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំរួមគ្នាមួយស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

យោងតាមសេចក្ដីណែនាំរួម របស់ធនគារជាតិនៃកម្ពុជា និងក្រសួងអប់រំបានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតនៅក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖

១៖ ពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូន ដល់គ្រប់បុគ្គលិកអប់រំទាំងអស់រួមមាន បុគ្គលិកពេញម៉ោង បុគ្គលិកកិច្ចសន្យា និងបុគ្គលិកវេលាកាល ទាំងជនជាតិកម្ពុជា និងបរទេស។

២៖ បង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល (ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃ)។ តម្លៃជា រូបិយប័ណ្ណបរទេស អាចគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ។

៣៖ រៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្ត ដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតាឬ អ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារជាប្រាក់រៀល ក្នុងសកម្មភាពដូចជា ការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ។

ទទួលបានសេចក្តីណែនាំនេះគ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការ ចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំរបស់ក្រសួងអប់រំ និងធនាគារជាតិនៃកម្ពុជាទាំងស្រុង៖






 

Powered by Blogger.