កម្ពុជា និងកូរ៉េ បង្ហាញពីកិច្ចសហប្រតិបត្តិការនាពេលអនាគត និងពង្រឹងភាពជាដៃគូជាមួយគ្នាលើកិច្ចការងារបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម Kim wansup រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park jungwook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត និងពង្រឹងភាពជាដៃគូជាមួយគ្នា លើកិច្ចការងារបរិស្ថាន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមឯកឧត្តម Kim wansup រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចសហប្រត្តិបត្តិរវាងប្រទេសទាំង២ កម្ពុជា-កូរ៉េលើវិស័យបរិស្ថាន និង កិច្ចគាំពារ និងការការពារធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា កូរ៉េក៏មិនខុសពីកម្ពុជាដែរ កំពុងប្រឈមនឹងការបំពុលដោយប្លាស្ទិក ការផលិតប្លាស្ទិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែតម្លៃថោក ភាពធន់ និងភាពបត់បែនក្នុងការប្រើប្រាស់ ជាពិសេសពេលខ្លះបញ្ហាប្លាស្ទិកនេះបានក្លាយជារឿងចម្រូងចម្រាសរវាងរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េទៀតផង។ ឯកឧត្តមបន្តថា កូរ៉េកំពុងរៀបចំផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុNDCដើម្បីដាក់នៅខែសីហា ឆ្នាំ២០២៥ មុន Cop-30ខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបជូនពីស្ថានភាពបរិស្ថានកម្ពុជាដែលកំពុងដែលប្រឈមនឹងការបំពុលដោយប្លាស្ទិក ប្រពន្ធ័បង្ហូរទឹកកខ្វក់ពីតាមបណ្តាលរោងចក្រ និងប្រភពទឹកនានា រួមទាំងទន្លេសាប និងទន្លេមេគង្គ និងបញ្ហាការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានបន្តថា ជាវិធានការ ដើម្បីឆ្លើយតបនឹងការបំពុលដោយប្លាស្ទិកក្រសួងបរិស្ថានកម្ពុជាបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ បំផុសចលនា និងទៅជាចលនាស្វ័យអនុវត្ត និងបន្តទៅជាវប្បធម៌ និងទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងការរក្សាភាពស្អាត តាមរយៈ
១-យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ មានអ្នកចូលរួមសរុបចំនួនប្រមាណ ១៤លាននាក់នៅទូទាំងប្រទេស
២-យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ៦លាននាក់នៅទូទាំងប្រទេស
៣-យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៥ អនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥
ប្រវែងផ្លូវសម្អាតបាន ៣៤៤០.០៦គីឡូម៉ែត្រ ចំនួនអ្នកចូលរួម ជិត ២០ម៉ីននាក់។ ចំណែករោងចក្រដែលបំពុលប្រភពទឹកសាធារណៈក្រសួងបានចាត់វិធានការរហូតរោងចក្រខ្លះបិទអាជីវកម្ម និងរោងចក្រជាច្រើនទៀតបានបំពាក់ប្រពន្ធ័ចម្រោះទឹកកខ្វក់ដោយស្វ័យប្រវត្តិ។ ចំពោះប្រភពទឹកសាធារណៈ ជាពិសេសទន្លេសាប និងទន្លេមេគង្គ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ« សម្អាតទន្លេ»និងបានរៀបចំឯកសារទស្សនទានរួចរាល់ដើម្បី ធ្វើការស្តារ និងប្រមូលសំរាមប្លាស្ទិកទាំងលើ និងក្នុងទឹក។ ចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ«ពន្លកបៃតង»ជំរុញការដាំដើមឈើយ៉ាងតិចបាន១លាន/ឆ្នាំ និងការប្រែក្លាយសហគមន៍ក្នុងតំបន់ការពារធម្មជាតិជាសហគមន៍អព្យាក្រឹត្យកាបូន។
បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ជាពិសេសតាមរយៈការសម្របសម្រួលដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) កម្ពុជា បានបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការ ការចុះអនុស្សារណៈយោគយល់គ្នា។ ជាក់ស្តែង ការដាក់ឱ្យដំណើរការគម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នមេតាននៅកម្ពុជា ក្រោមកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាពិសេស រៀបចំវិធានសម្រាប់កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យកាត់ដេរនៅកម្ពុជា នៅក្នុងផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ NDC3.0 និងក្រុមហ៊ុនកូរ៉េជាច្រើនកំពុងតែចូលរួមរៀបចំគម្រោងឥណទានកាបូនពីវិស័យឧស្សាហកម្ម និងដឹកជញ្ជូន រួមចំណែកអនុវត្តមាត្រាទី ៦ នៃកិច្ចព្រមព្រាងប៉ារីស៍ និងកិច្ចសហប្រតិបត្តិការរៀបចំទីលានទុកដាក់សំណល់រឹង ទីប្រជុំជន សំរាមផងដែរ៕
Post a Comment