កិច្ចប្រជុំរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ

អត្ថបទ៖ សុខ ចរណៃ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំពិភាក្សាការងាររៀបចំពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការលក់ដូរ ការរៀបចំពង្រីកផ្លូវ រៀបចំតុបតែងលម្អ និងសាងសង់សួនច្បារបន្ថែម រៀបចំចំណតរថយន្ត ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ។

អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្តើមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅរមនីយដ្ឋាននេះឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ។

ភ្នំសំពៅ ជារមនីយដ្ឋានប្រវត្តិសាស្រ្តមួយដ៏យូរលង់មកហើយ ភ្ញៀវទេសចរណ៍អាច ឡើងជណ្តើរ រឺជិះរថយន្តឡើងលើភ្នំ ដើម្បីទស្សនាល្អាងប្រវត្តិសាស្រ្តជាច្រើន និងគយគន់ទេសភាពពីលើកំពូលភ្នំ ឃើញភូមិអ្នកស្រុក វាលស្រែល្វឹងល្វើយគួរឱ្យទាក់ទាញ ពិសេសគឺអាចទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីរូងដោយផ្ទាល់នៅពេលល្ងាច បង្កើតជាទស្សនីយភាពមួយ ប្លែកគួរជាទីទាក់ទាញអារម្មណ៍ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអនុវត្តគម្រោងសាងសង់ កែលម្អក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដែលមានទីតាំងស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមកនេះ គឺមានការសាទរ ពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្តសប្បាយរីករាយជារៀងរាល់ថ្ងៃយ៉ាងច្រើនកុះករផងដែរ៕









Powered by Blogger.